ដោយ សុខ សេរី
2012-07-23
មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ បានជួបពិភាក្សាជាមួយមន្ត្រីតំណាងការិយាល័យអង្គការសហប្រជាជាតិគ្រប់គ្រងគ្រឿងញៀន ដើម្បីរិះរកមធ្យោបាយនានាប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន និងជួយបន្សាបអ្នកញៀនគ្រឿងញៀននៅកម្ពុជា។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា លោក កែ គឹមយ៉ាន និងជាឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ បានសំដែងការព្រួយបារម្ភថា ក្រុមឧក្រិដ្ឋជនជាតិ និងអន្តរជាតិនៅតែបន្តប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីឆ្លងកាត់គ្រឿងញៀនផលិតគ្រឿងញៀន និងចែកចាយគ្រឿងញៀន ដោយសារតែប្រទេសកម្ពុជា មិនមានច្បាប់ប្រហារជីវិត ប៉ុន្តែកម្ពុជាទើបមានច្បាប់ថ្មីផ្ដន្ទាទោសឲ្យជនជាប់ចោទជាប់គុកមួយជីវិត។
លោកបានប្រាប់ទៅមន្ត្រីតំណាងការិយាល័យអង្គការសហប្រជាជាតិគ្រប់គ្រងគ្រឿងញៀន លោក ហ្គារី ល្វីស (Gary Lewis) ដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ថា ប្រទេសកម្ពុជាត្រូវការកិច្ចសហប្រតិបត្តិការឲ្យបានជិតស្និទ្ធពីប្រទេសនានា នៅក្នុងតំបន់ដើម្បីទប់ទល់ជាមួយការជួញដូរគ្រឿងញៀន។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅប្រទេសកម្ពុជា លោក កែ គឹមយ៉ាន បានមានប្រសាសន៍ថា កន្លងមកគ្រឿងញៀនបានហូរចូលប្រទេសកម្ពុជា តាមច្រកព្រំដែនភាគខាងជើង គឺមកពីប្រទេសឡាវ ជាច្រើនសែនគ្រាប់ ហើយកម្ពុជា បានបង្កើតឲ្យមានទីបញ្ជាការដ្ឋានមួយនៅទៅនោះ ដើម្បីឃ្លាំមើលចរាចរណ៍គ្រឿងញៀន។
ទាក់ទងនឹងការឃ្លាំមើលចរាចរណ៍គ្រឿងញៀននេះ អនុប្រធានរដ្ឋបាលនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក សួន ខឿន បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនកំពុងតែបង្កើនការត្រួតពិនិត្យសារធាតុផ្សំនានា។
លោក កែ គឹមយ៉ាន៖ «ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា យើងកំពុងតែឈានដល់បង្កើនការគ្រប់គ្រង និងត្រួតពិនិត្យឲ្យបានដិតដល់តាមរយៈការនាំចូល ព្រោះថា សារធាតុគីមីផ្សំនេះយើងបានធ្វើការនាំចូលនេះ ដើម្បីបម្រើឲ្យវិស័យកសិកម្ម និងឧស្សាហកម្មមួយចំនួនធំ អ៊ីចឹងយើងត្រូវតែបង្កើនការគ្រប់គ្រង និងត្រួតពិនិត្យឲ្យបានដិតដល់ ហើយលោកក៏បានលើកឡើងនូវលទ្ធផលនៃការគ្រប់គ្រង និងត្រួតពិនិត្យជូនភាគី UN ថា កន្លងមកនេះ គឺយើងបានធ្វើការបង្ក្រាប និងរឹបអូសនូវសារធាតុគីមីផ្សំជាច្រើនតោន ដែលក្នុងនោះគឺវិធីដឹកជញ្ជូនមកកម្ពុជា របស់ឧក្រិដ្ឋជនហ្នឹង គឺវាមានល្បិចកលខ្ពស់»។
ការបន្តបង្ក្រាបគ្រឿងញៀននៅពេលនេះ គឺនៅគ្រាដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្ក្រាប និងរឹបអូសបានសារធាតុផ្សំគ្រឿងញៀន និងសម្ភារៈផលិតគ្រឿងញៀន សរុបជាង ៣០តោន កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅនេះ ក្រោមបទសង្ស័យផលិតគ្រឿងញៀននៅទីក្រុងភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។
ជនសង្ស័យម្នាក់ឈ្មោះ កង សុវណ្ណតារ៉ា អាយុ ៤៧ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅនេះ ដើម្បីចោទប្រកាន់ និងឃុំខ្លួនដើម្បីផ្ដន្ទាទោស។
សារធាតុផ្សំគ្រឿងញៀនចំនួនជាង ៣០តោន ដែលទើបត្រូវបានរឹបអូសនោះ គឺជាការបង្ក្រាបគ្រឿងញៀនដ៏ធំជាងគេនៅប្រទេសកម្ពុជា នៅឆ្នាំ២០១២ ក្រោយពីការបង្ក្រាប និងរឹបអូសបានសារធាតុគ្រឿងញៀនចំនួន ៥តោន កាលពីឆ្នាំ២០០៧ កន្លងទៅ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សារធាតុផ្សំគ្រឿងញៀនចំនួនជាង ៣០តោននោះ គឺដឹកតាមនាវាពីប្រទេសចិន ចូលមកប្រទេសវៀតណាម និងមកប្រទេសកម្ពុជា។
មន្ត្រីតំណាងការិយាល័យអង្គការសហប្រជាជាតិគ្រប់គ្រងគ្រឿងញៀន លោក ហ្គារី ល្វីស បានសាទរ និងកោតសរសើរអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ដែលបានបង្ក្រាបដោយជោគជ័យនេះ៕
No comments:
Post a Comment