Monday, July 23, 2012

កម្ពុជា​ត្រូវ​ការ​កិច្ច​សហការ​ពី​ប្រទេស​ក្នុង​តំបន់​ដើម្បី​ទប់​ស្កាត់​​ការ​ជួញ​ដូរ​គ្រឿង​ញៀន


2012-07-23
មន្ត្រី​ជាន់​ខ្ពស់​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១២ បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​តំណាង​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​គ្រប់គ្រង​គ្រឿង​ញៀន ដើម្បី​រិះរក​មធ្យោបាយ​នានា​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​គ្រឿង​ញៀន និង​ជួយ​បន្សាប​អ្នក​ញៀន​គ្រឿង​ញៀន​នៅ​កម្ពុជា។
RFA/Sok Serey
ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក កែ គឹមយាន (ស្ដាំ) ក្នុង​ឱកាស​ជួប​ជាមួយ​តំណាង UNODC លោក ហ្គារី ល្វីស (Gary Lewis) នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១២។
ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា លោក កែ គឹមយ៉ាន និង​ជា​ឧបនាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១២ បាន​សំដែង​ការ​ព្រួយ​បារម្ភ​ថា ក្រុម​ឧក្រិដ្ឋជន​ជាតិ និង​អន្តរជាតិ​នៅ​តែ​បន្ត​ប្រើប្រាស់​ទឹក​ដី​កម្ពុជា ដើម្បី​ឆ្លង​កាត់​គ្រឿង​ញៀន​ផលិត​គ្រឿង​ញៀន និង​ចែក​ចាយ​គ្រឿង​ញៀន ដោយសារ​តែ​ប្រទេស​កម្ពុជា មិន​មាន​ច្បាប់​ប្រហារ​ជីវិត ប៉ុន្តែ​កម្ពុជា​ទើប​មាន​ច្បាប់​ថ្មី​ផ្ដន្ទាទោស​ឲ្យ​ជន​ជាប់​ចោទ​ជាប់​គុក​មួយ​ជីវិត។
លោក​បាន​ប្រាប់​ទៅ​មន្ត្រី​តំណាង​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​គ្រប់គ្រង​គ្រឿង​ញៀន លោក ហ្គារី ល្វីស (Gary Lewis) ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ថា ប្រទេស​កម្ពុជា​ត្រូវ​ការ​កិច្ច​សហ​ប្រតិបត្តិការ​ឲ្យ​បាន​ជិតស្និទ្ធ​ពី​ប្រទេស​នានា នៅ​ក្នុង​តំបន់​ដើម្បី​ទប់ទល់​ជាមួយ​ការ​ជួញ​ដូរ​គ្រឿង​ញៀន។
ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នៅ​ប្រទេស​កម្ពុជា លោក កែ គឹមយ៉ាន បាន​មាន​ប្រសាសន៍​ថា កន្លង​មក​គ្រឿង​ញៀន​បាន​ហូរ​ចូល​ប្រទេស​កម្ពុជា តាម​ច្រក​ព្រំដែន​ភាគ​ខាង​ជើង គឺ​មក​ពី​ប្រទេស​ឡាវ ជា​ច្រើន​សែន​គ្រាប់ ហើយ​កម្ពុជា បាន​បង្កើត​ឲ្យ​មាន​ទី​បញ្ជា​ការដ្ឋាន​មួយ​នៅ​ទៅ​នោះ ដើម្បី​ឃ្លាំមើល​ចរាចរណ៍​គ្រឿង​ញៀន។
ទាក់ទង​នឹង​ការ​ឃ្លាំមើល​ចរាចរណ៍​គ្រឿង​ញៀន​នេះ អនុ​ប្រធាន​រដ្ឋបាល​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក សួន ខឿន បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន​កំពុង​តែ​បង្កើន​ការ​ត្រួត​ពិនិត្យ​សារធាតុ​ផ្សំ​នានា។
លោក កែ គឹមយ៉ាន៖ «ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា យើង​កំពុង​តែ​ឈាន​ដល់​បង្កើន​ការ​គ្រប់គ្រង និង​ត្រួត​ពិនិត្យ​ឲ្យ​បាន​ដិតដល់​តាម​រយៈ​ការ​នាំ​ចូល ព្រោះ​ថា សារធាតុគីមី​ផ្សំ​នេះ​យើង​បាន​ធ្វើការ​នាំ​ចូល​នេះ ដើម្បី​បម្រើ​ឲ្យ​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​មួយ​ចំនួន​ធំ អ៊ីចឹង​យើង​ត្រូវ​តែ​បង្កើន​ការ​គ្រប់គ្រង និង​ត្រួត​ពិនិត្យ​ឲ្យ​បាន​ដិតដល់ ហើយ​លោក​ក៏​បាន​លើក​ឡើង​នូវ​លទ្ធផល​នៃ​ការ​គ្រប់គ្រង និង​ត្រួត​ពិនិត្យ​ជូន​ភាគី UN ថា កន្លង​មក​នេះ គឺ​យើង​បាន​ធ្វើ​ការ​បង្ក្រាប និង​រឹប​អូស​នូវ​សារធាតុគីមី​ផ្សំ​ជា​ច្រើន​តោន ដែល​ក្នុង​នោះ​គឺ​វិធី​ដឹក​ជញ្ជូន​មក​កម្ពុជា របស់​ឧក្រិដ្ឋជន​ហ្នឹង គឺ​វា​មាន​ល្បិចកល​ខ្ពស់»
ការ​បន្ត​បង្ក្រាប​គ្រឿង​ញៀន​នៅ​ពេល​នេះ គឺ​នៅ​គ្រា​ដែល​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​បង្ក្រាប និង​រឹប​អូស​បាន​សារធាតុ​ផ្សំ​គ្រឿង​ញៀន និង​សម្ភារៈ​ផលិត​គ្រឿង​ញៀន សរុប​ជាង ៣០​តោន កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ក្រោម​បទ​សង្ស័យ​ផលិត​គ្រឿង​ញៀន​នៅ​ទីក្រុង​ភ្នំពេញ ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ។
ជន​សង្ស័យ​ម្នាក់​ឈ្មោះ កង សុវណ្ណតារ៉ា អាយុ ៤៧​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ដើម្បី​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ដើម្បី​ផ្ដន្ទាទោស។
សារធាតុ​ផ្សំ​គ្រឿង​ញៀន​ចំនួន​ជាង ៣០​តោន ដែល​ទើប​ត្រូវ​បាន​រឹប​អូស​នោះ គឺ​ជា​ការ​បង្ក្រាប​គ្រឿង​ញៀន​ដ៏​ធំ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១២ ក្រោយ​ពី​ការ​បង្ក្រាប និង​រឹប​អូស​បាន​សារធាតុ​គ្រឿង​ញៀន​ចំនួន ៥​តោន កាល​ពី​ឆ្នាំ​២០០៧ កន្លង​ទៅ នៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។ សារធាតុ​ផ្សំ​គ្រឿង​ញៀន​ចំនួន​ជាង ៣០​តោន​នោះ គឺ​ដឹក​តាម​នាវា​ពី​ប្រទេស​ចិន ចូល​មក​ប្រទេស​វៀតណាម និង​មក​ប្រទេស​កម្ពុជា។
មន្ត្រី​តំណាង​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​គ្រប់គ្រង​គ្រឿង​ញៀន លោក ហ្គារី ល្វីស បាន​សាទរ និង​កោត​សរសើរ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា ដែល​បាន​បង្ក្រាប​ដោយ​ជោគជ័យ​នេះ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons