សភា​ព្រហ្មទណ្ឌ​ស៊ើបសួរ​របស់​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ចាប់​ផ្តើម​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​បណ្តឹង​ឧទ្ធរណ៍​មួយ​របស់​លោក ​តុប ​ច័ន្ទសេរីវុធ ​អតីត​ព្រះរាជអាជ្ញា​ខេត្ត​ពោធិ៍សាត់​ ដែល​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១៩​ឆ្នាំ​ ពី​បទ​ចាប់​ជំរិត​ បង្ខាំង​មនុស្ស​ខុស​ច្បាប់​ និង​ស៊ី​សំណូក។
សវនាការ​របស់​សាលាឧទ្ធរណ៍​មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​កត់ត្រា​ នៅ​ក្នុង​ដំណើរការ​សាកសួរ​ទេ។ ​ក៏ប៉ុន្តែ​បាន​អនុញ្ញាត​ឲ្យ​អ្នក​ថត​រូប​មក​ពី​អង្គភាព​ប្រឆាំង​អំពើ​ ពុករលួយ ​បាន​ផ្តិត​យក​រូបភាព​ និង​កត់ត្រា​តាំង​ពី​ការ​ចាប់​ផ្តើម​រហូត​ដល់​ចប់។
បន្ទាប់​ពី​បាន​បើក​សវនាការ​សួរ​ដេញដោល​ពេញ​មួយ​រសៀល​ថ្ងៃ​ពុធ​នេះ​ ដែល​មាន​វត្តមាន​ជន​ជាប់​ចោទ​តុប ច័ន្ទ​សេរីវុធ និង​គូកន​ពីរ​នាក់​ផ្សេង​ទៀត។ ​លោក ​ប៉ុល ​សំអឿន​ ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​នៃ​សាលាឧទ្ធរណ៍​បាន​មាន​ប្រសាសន៍​ថា​ សាលក្រម​ចំពោះ​សំណុំរឿង​នេះ ​និង​ប្រកាស​នៅ​ថ្ងៃ​ទី​១៤ ​ខែ​មិនា​ខាង​មុន​នេះ។
លោក ​តុប ​ច័ន្ទសេរីវុធ ​អតីត​ព្រះរាជអាជ្ញា​ខេត្ត​ពោធិ៍សាត់ ​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​សម្រេច​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគា ​រយៈពេល​១៩​ឆ្នាំ​ពី​បទ​ស៊ីសំណូក ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​ និង​ចាប់​ជំរិត។
សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់​ ក៏​បាន​សម្រេច​ផ្តន្ទាទោស​អ្នក​បើកបរ​រថយន្ត​របស់​លោក​ចំនួន​ពីរ​រូប​ផ្សេង​ ទៀត ​គឺ​លោក​ឈិត ​វុទ្ធី​ ឲ្យ​ជាប់​ពន្ធនាគា​រយៈពេល​១៦​ឆ្នាំ ​និង​លោក​ រស់ ​សំណាង ​ឲ្យ​ជាប់​ពន្ធនាគា​រយៈពេល​១៥​ឆ្នាំ ​ក្រោម​បទ​ចោទ​ប្រកាន់​ដូច​គ្នា​នេះ​ដែរ។
តុលាការ​ក៏​ចេញ​ដីកា​បង្គ្រាប់​ឲ្យ​ចាប់​ខ្លួន ​លោក ​ពេជ ​កុងយូ ​ត្រូវ​ជា​ប្អូន​ថ្លៃ​លោក ​តុប ​ច័ន្ទសេរីវុធ ​ដែល​ពេល​នេះ​កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ។
នៅ​ក្នុង​អង្គសវនាការ​បាន​សួរ​ដេញដោល ​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ទទួល​សំណូក​ នូវ​ចំនួន​ទឹក​ប្រាក់​ប្រមាណ​ជាង​៣.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក ​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ជន​ល្មើស​ពីរ​រូប​ ដែល​ពាក់ព័ន្ធ​នឹង​ការ​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់។
​កាល​ពី​ថ្ងៃ​ទី​២៤ ​ខែ​មិថុនា ​ឆ្នាំ​២០១១​ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ពោធិ៍សាត់ ​បាន​ចាប់​រថយន្ត​សម្តែង​សិល្បៈ​ល្ខោន​មួយ​ មក​ពី​ខេត្ត​កំពង់ចាម​ ដោយ​ដឹក​បង្កប់​ឈើក្រញូង។ ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន​ពីរ​រូប​បាន​បង់ប្រាក់​ធានា​ ចំនួន​៣.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ ជា​ថ្នូរ​នឹង​ការ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។
លោក ​តុប ​ច័ន្ទសេរីវុធ ​បាន​ថ្លែង​ប្រាប់​នៅ​ក្នុង​អង្គសវនាការ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​នោះ ​លោក​ និង​ភរិយា​របស់​លោក​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទទួល​សំណូក​ទេ។
ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត ​បន្ទាប់​ពី​បញ្ចប់​សវនាការ​លោក ​តុប ​ច័ន្ទសេរីវុធ​បាន​ស្នើសុំ​ឲ្យ​សាលា​ឧទ្ធរណ៍​លើកលែង​ការ​ចោទ​ប្រកាន់។
«សុំ​សំណូមពរ​ផ្លូវ​ច្បាប់​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​តែ​ប៉ុណ្ណឹង​ទេ។ ​សុំ​ឲ្យ​ពិចារណា​លើ​ខ្លឹមសារ​ ពាក្យ​ពេចន៍​ទាំង​សាក្សី​ក្តី ​ទាំង​ជនរងគ្រោះ​ឆ្លើយ​បំភ្លឺ​ក្តី​តុលាការក្តី។ ​សុំ​ឲ្យ​ពិចារណា ​ថា​តើ​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស ​ឬ​ក៏​អត់​ តែ​ប៉ុណ្ណឹង​ទេ»។
លោក ​គា ​ឆាយ ​មេធាវី​កាពារក្តី​លោក​ តុប ​ច័ន្ទសេរីវុធ​ បាន​និយាយ​ថា​លោក​សង្ឃឹម​ថា​សាលា​ឧទ្ធរណ៍ ​និង​រក​យុត្តិធម៌​ចំពោះ​កូនក្តី​របស់​លោក។
«ប្រសិន​បើ​គាត់​បាន​បញ្ជា​មែន​ហ្នឹង​ណា៎ ​ក៏​វា​មិនមែន​ជា​ការ​ប្រព្រឹត្តិ​បទល្មើសដែរ​ ដោយសារ​តែ​ការ​ដែល​គាត់​បញ្ជា​ក្នុង​នាម​គាត់​ជា​ព្រះរាជអាជ្ញា»។
លោក ​ឃៀង ​សេង ​អនុប្រធាន​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ចំពោះ​ អ្នក​កាសែត​ទេ ​ដោយ​លោក​គ្រាន់​តែ​បាន​និយាយ​ថា។
«យើង​ស្តាប់​នៅ​ក្នុង​សវនាការ​ទាំង​អស់​គ្នា​ យើង​យល់​យ៉ាងម៉េច​ គឺ​ជា​រឿង​មួយ​ ដែល​ទាក់ទង​នឹង​សមត្ថកិច្ច​របស់​តុលាការ។ ​យើង​ឃើញ​ថា​តុលាការ​គាត់​ធ្វើ​ត្រឹមត្រូវ​តាម​នីតិ​វិធី​របស់​គាត់។​ អញ្ចឹង​អង្គភាព​ឥត​មាន​អ្វី​ដែល​ត្រូវ​បកស្រាយ​ទៀត​ទេ»។
បើ​ទោះ​បី​ជា​មាន​ការ​ស្នើសុំ​ឲ្យ​លើកលែង​ទោស​លោក ​តុប ​ច័ន្ទសេរីវុធ ​យ៉ាង​ណា​ក៏ដោយ​ ក៏​តំណាង​ឲ្យ​អយ្យការ​នៃ​សាលាឧទ្ធរណ៍​ បាន​ទទូច​ឲ្យ​តុលាការ​ដម្កល់​សាលក្រម​របស់​សាលាដំបូង​ ខេត្ត​ពោធិ៍សាត់​ឲ្យ​នៅ​ដដែល៕